ដោយសារតែរោងចក្រ​មួយនេះហើយ ទើបធ្វើឱ្យតំបន់មានទឹកខ្សោយ បាន​ទទួលទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់

MoviesonlineKh168
0

 គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ (ជំហានទី១ និងទី២) គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា។

គម្រោងនេះ រួមមានការដាក់បំពង់មេនាំទឹកខ្នាតយក្សដែលមានទំហំមុខកាត់ ២ម៉ែត្រ ប្រវែង ៥៥០ម៉ែត្រ ឆ្លងកាត់ទន្លេសាប តាមរយៈបច្ចេកវិទ្យា Micro-tunneling ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ព្រមទាំងដំឡើង​បំពង់មេនាំទឹកចាប់ពីទំហំ៤០០ម.ម រហូតដល់ទំហំ ២.០០០ម.ម ប្រវែង៨៦គីឡូម៉ែត្រ និងតម្លើងបំពង់ចែកចាយទឹកចាប់ពីទំហំ៦៣ម.ម រហូតដល់៣០០ម.ម ប្រវែង១.៥០០គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុង ភាគខាងលិច ខាងត្បូង នៃរាជធានីភ្នំពេញ ក្រោមសហហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាមួយនឹងដៃគូអភិវឌ្ឍន៍ ទីភា្នក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ធនាគារវិនិយោគអឺរ៉ុប និងសហគមន៍អឺរ៉ុប។

តបតាមផែនការមេដែលបានកំណត់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ៖

  • ដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

  • បានជួយបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅផ្ទៃសេវាបច្ចុប្បន្ន ជាពិសេសតំបន់ជាយរាជធានីភ្នំពេញ

  • និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខណ្ឌទាំង៧ នៅជាយរាជធានីភ្នំពេញ (ដង្កោ, ពោធិ៍សែនជ័យ, ផ្នែកខ្លះនៃខណ្ឌមានជ័យ, សែនសុខ, ឫស្សីកែវ, កំបូល, ២សង្កាត់នៃខណ្ឌព្រែកព្នៅ) និងក្រុងតាខ្មៅ ដែលមានសម្ពាធទឹកខ្សោយនៅម៉ោងតម្រូវការគំហុក រឺក៏គ្មានទឹកស្អាតប្រើប្រាស់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ឡើងវិញជាមួយនឹងសម្ពាធទឹកប្រសើរជាងមុន។

គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ៖

  • គ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤

  • បានបំពេញបន្ថែមការពង្រីកផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទៅតាម តំបន់ដែលមិនទាន់មាន ទឹកស្អាតប្រើប្រាស់ និងទទួលបានទឹកស្អាតប្រើប្រាស់

  • និងការងារពង្រីកបំពង់មេនាំទឹកត្រូវបញ្ចប់នាឆ្នាំ២០២៥ដើម្បីបំពេញតម្រូវការទឹកស្អាតជូន ដល់ប្រជាពលរដ្ឋដែលរស់នៅភាគខាងត្បូង និងខាងជើងរាជធានីភ្នំពេញ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

Post a Comment

0Comments

Post a Comment (0)